រឿង​​ពិត! តារា​​ស្រី​​ម្នា​ក់​​ទម្លាយ​រឿង​ធ្លាប់​​​លោត​ទឹក​​​សម្លាប់​​ខ្លួន​ ពី​លើ​ស្ពាន​​ជ្រោយ​​ចង្វា

តារា​សម្ដែង កញ្ញា ហេង ស្រីពេជ្រ បាន​ទម្លាយ​អាថ៌កំបាំង​របស់​ខ្លួន​ឲ្យ​ដឹង​ថា នាង​ធ្លាប់​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយ​ចង្វា​ម្ដង​ កាល​ពី ៤ ឆ្នាំ​ មុន ប៉ុន្តែ​ មិន​ស្លាប់។
ក្នុង​បទសម្ភាសន៍​មួយ​ជា​មួយ Sabay កាល​ពី​ពេល​កន្លង​ទៅ កញ្ញា ហេង ស្រីពេជ្រ បាន​រៀប​ឲ្យ​ដឹង​ថា នៅ​​ចុង​ឆ្នាំ ២០១០ នាង​ពិបាក​ចិត្ត​​ និង បាន​សម្រេច​លោត​ទឺក​សម្លាប់​ខ្លួន​​នៅ​ស្ពាន​ជ្រោយ​ចង្វា បន្ទាប់​ពី​​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក​ ខណៈ​​ដែល​បាន​រស់​នៅ​ទី​នោះ​អស់​រយៈពេល ២ ឆ្នាំ ជាមួយ​សង្សារ​របស់​នាង។
ស្រី ពេជ្រ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​​ចែក​​ផ្លូវ​គ្នា​បាន​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល សង្សារ​របស់​នាង ​មាន​ស្រី​ថ្មី ហើយ​ថែម​ទាំង​បាន​ទៅ​រៀប​ការ​ជា​មួយ​នារី​នោះ​​ទៀត ដោយ​​មិន​អាច​ទ្រាំ  នាង​ក៏​សម្រេច​វេចបង្វេច​មក​ស្រុក​កំណើត​វិញ។ មក​ដល់​ស្រុក​​កំណើត​វិញ​នៅ​ចុង​ឆ្នាំ ២០១០ តារា​សម្ដែង​ស្រី​ម្នាក់​នេះ​មាន​អារម្មណ៍​ខ្មាស​មិត្តភ័ក្ដិ និង​ ញាតិមិត្ត​ជា​ខ្លាំង។
ដោយ​មិន​អាច​ទ្រាំ​ទទួល​​អារម្មណ៍​បែប​នេះ​បាន ស្រីពេជ្រ មាន​គំនិត​ចង់​​សម្លាប់​ខ្លួន។ នៅ​អំឡុង​​ខែ ១១ ឆ្នាំ ២០១០ នាង​បាន​សម្រេច​ចិត្ត​មក​លោត​ទឹក​លើ​ស្ពាន​ជ្រោយចង្វា ដើម្បី​ឲ្យ​ស្លាប់ ប៉ុន្តែ​​ នាង​ចេះ​ហែល​ទឹក ការ​ប៉ង​សម្លាប់​ខ្លួន​របស់​នាង មិន​បាន​សម្រេច​ឡើយ។